អំពីក្រុមប្រឹក្សាអ្នកច្បាប់និងសមិទ្ធផលការងារ
ក្រុមប្រឹក្សាអ្នកច្បាប់ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ តាមរយៈអនុក្រឹត្យលេខ១៣ អនក្រ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៤។ ក្រោយមក ក្រុមប្រឹក្សាអ្នកច្បាប់ត្រូវបានកែសម្រួលតាមរយៈអនុក្រឹត្យលេខ៣២ អនក្រ.បក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៤ ស្ដីពីការបង្កើតក្រុមប្រឹក្សាអ្នកច្បាប់។ យោងអនុក្រឹត្យលេខ៣២ អនក្រ.បក ក្រុមប្រឹក្សាអ្នកច្បាប់ស្ថិតក្រោមការគ្រប់គ្រងនិងដឹកនាំផ្ទាល់របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។ សមាសភាពក្រុមប្រឹក្សាអ្នកច្បាប់ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ និងមានអគ្គលេខាធិការដ្ឋានជាជំនួយការ។ ក្រុមប្រឹក្សាអ្នកច្បាប់បានបំពេញតាមតួនាទីនិងភារកិច្ចរបស់ខ្លួនស្របតាមអនុក្រឹត្យលេខ១៣ អនក្រ(ឆ្នាំ១៩៩៤) បន្ទាប់មកតាមអនុក្រឹត្យលេខ៣២ អនក្រ.បក (ឆ្នាំ២០០៤) និងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦២០/៦៦១ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអ្នកច្បាប់ រហូតដល់បច្ចុប្បន្ននេះ។
ចាប់តាំងពីពេលបង្កើតមក ក្រុមប្រឹក្សាអ្នកច្បាប់ដែលជាអង្គភាពអមទីស្តីការគណៈរដ្ឋមន្រ្តី បាន បំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលការងារតាក់តែងនិងក្នុងការពិនិត្យ ផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត គោលនយោបាយ ផែនការ យុទ្ធសាស្រ្ត និងឯកសារផ្សេងៗទៀត មានជាអាទិ៍៖
- ចូលរួមពិនិត្យនិងផ្តល់យោបល់ក្នុងកិច្ចប្រជុំតាមយន្តការទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចជានៅតាមក្រសួងស្ថាប័ននានា រួមមានកិច្ចប្រជុំជំនាញបច្ចេកទេស កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំអន្តរក្រសួង ចង្អៀត កិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ និងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី លើសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត គោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល
- សម្របសម្រួលក្នុងការរៀបចំលិខិតឆ្លើយតបឬសេចក្តីបំភ្លឺរបស់រាជរដ្ឋាភិបាលចំពោះសំណួររបស់រដ្ឋសភា
- រៀបចំបែបបទបញ្ជូនសេចក្តីព្រាងច្បាប់ដែលទទួលបានការសម្រេចឯកភាពឬយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីស្នើសុំការពិនិត្យនិងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ
- សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការពិនិត្យនិងផ្ដល់យោបល់ចំពោះ អនុសាសន៍របស់រាជរដ្ឋាភិបាលលើសេចក្ដីស្នើច្បាប់តាមសំណើរបស់ស្ថាប័ននីតិប្បញ្ញត្ដិ
- សម្របសម្រួលការរៀបចំសមាសភាពតំណាងរាជរដ្ឋាភិបាលទៅការពារសេចក្តីព្រាងច្បាប់ឬទៅបំភ្លឺនៅស្ថាប័ននីតិប្បញ្ញត្តិ
- រៀបចំបែបបទជូននាយករដ្ឋមន្ត្រីដើម្បីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រសូមឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ដែលទទួលបានការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ
- រៀបចំបែបបទជូននាយករដ្ឋមន្ត្រីដើម្បីចុះហត្ថលេខាលើលិខិតបទដ្ឋានគតិយុត្ដឬដើម្បីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រសូមឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ តាមការប្រគល់ពីរដ្ឋមន្ដ្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
- ទទួលភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនពីប្រមុខរាជរដ្ឋាភិបាលនិងរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។
ជាក់ស្តែង ក្នុងឆ្នាំ២០១៩ កន្លងមក ក្រុមប្រឹក្សាអ្នកច្បាប់បានបំពេញការងាររបស់ខ្លួននិងសម្រេចបាននូវលទ្ធផលដូចខាងក្រោម៖
ក្រុមប្រឹក្សាអ្នកច្បាប់បានចាត់សមាជិកចូលរួមប្រជុំពិនិត្យនិងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារផ្សេងៗសរុបចំនួន១៧៣ នៅក្នុងកិច្ចប្រជុំចំនួន៥៣១លើក (សេចក្ដីព្រាងច្បាប់ចំនួន២៨ ស្មើនឹង១៣៥លើក សេចក្ដីព្រាងព្រះរាជក្រឹត្យចំនួន៧ ស្មើនឹង១៨លើក សេចក្ដីព្រាងអនុក្រឹត្យចំនួន៥៥ ស្មើនឹង១៣៥លើក សេចក្ដីព្រាងសេចក្ដីសម្រេចចំនួន២៤ ស្មើនឹង៤២លើក និងឯកសារផ្សេងៗចំនួន៥៩ ស្មើនឹង១១៥លើក)ដែលរួមមានដូចខាងក្រោម៖
- ´កិច្ចប្រជុំអន្តរក្រសួង ចំនួន៧៩លើក
- កិច្ចប្រជុំជំនាញបច្ចេកទេស ចំនួន៨៨លើក
- កិច្ចប្រជុំគណៈប្រតិបត្តិក្រុមប្រឹក្សាអ្នកច្បាប់ ចំនួន១៧លើក
- កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ចំនួន២៧៨លើក
- កិច្ចប្រជុំនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំនួន៤លើក និង
- កិច្ចប្រជុំនិងសិក្ខាសាលាផ្សេងៗ ចំនួន៦៥លើក។
ក្នុងតួនាទីជាសេនាធិការរបស់ក្រុមប្រឹក្សាអ្នកច្បាប់ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់បានបំពេញភារកិច្ចដូចខាងក្រោម៖
- សម្របសម្រួលការងាររៀបចំកិច្ចប្រជុំនិងការងាររដ្ឋបាលជូនក្រុមប្រឹក្សាអ្នកច្បាប់
- រៀបចំសេចក្ដីព្រាងព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ដែលស្ថាប័ននីតិប្បញ្ញត្តិបានអនុម័តរួចដើម្បីស្នើថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខា ចំនួន២៤
- រៀបចំបែបបទបញ្ជូនសេចក្ដីព្រាងច្បាប់ទៅស្ថាប័ននីតិប្បញ្ញត្តិសុំការអនុម័ត ចំនួន៣០
- សម្របសម្រួលឱ្យមានតំណាងរាជរដ្ឋាភិបាលទៅចូលរួមការពារសេចក្ដីព្រាងច្បាប់នៅស្ថាប័ន នីតិប្បញ្ញត្តិ ចំនួន៦៦លើក
- សម្របសម្រួលការងារសំណួរ ចម្លើយសភាជាមួយក្រសួងស្ថាប័នផ្សេងៗចំនួន ១៨លើក។
ចាប់តាំងពីនីតិកាលទី១នៃរដ្ឋសភារហូតដល់បច្ចុប្បន្ន (នីតិកាលទី៦) ព្រះរាជក្រមចំនួន៥៥៩ ត្រូវបានប្រកាសឱ្យប្រើ ហើយព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាច្រើន ត្រូវបានចេញឱ្យអនុវត្តដើម្បីបម្រើសង្គមជាតិ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ជារួម ក្រុមប្រឹក្សាអ្នកច្បាប់បានរួមចំណែក លើវិស័យយុត្តិធម៌ និងដំណើរការពង្រឹងនីតិរដ្ឋស្របតាមយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាឱ្យមានសន្តិសុខគតិយុត្តនិងសង្គតិភាពគតិយុត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ សេចក្តី ស្នើច្បាប់ លិខិតបទដ្ឋានគិតយុត្តផ្សេងទៀត ព្រមទាំងឯកសារគោលនយោបាយនានាជូនរាជរដ្ឋាភិបាល។
ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្រ្តី( ក.ប.ច )
លេខទូរស័ព្ទ : 023-212 417
ទូរសារ : 023-212 417
អ៊ីម៉ែល : cojcom@gmail.com