កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ នៅទីស្តីការគណៈរដ្ឋមន្ត្រីមានបើកកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង អនុក្រឹត្យស្តីពីអង្គភាពគ្រប់គ្រងសិទ្ធិរួម ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ប៉ុនធឿន សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និង ឯកឧត្តម ឆយ អូន សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាសហប្រធានអង្គប្រជុំ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកនិងមន្រ្តីនៃក្រុមប្រឹក្សា អ្នកច្បាប់ សមាជិកនិងមន្រ្តី នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងអគ្គលេខាធិការរដ្ឋាភិបាល តំណាងខុទ្ទការល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន មន្ត្រីនាយកដ្ឋានជំនាញចំណុះ ទីស្តីការគណៈរដ្ឋមន្រ្តី តំណាងគណៈកម្មការ ភាសាវិជ្ជាខែ្មរ និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងពត៌មាន។ សេចក្តីព្រាងអនុក្រឹត្យនេះមានគោលបំណងៈ -ការពារសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅបរទេស។ -ធានាការធ្វើអាជីវកម្មស្របច្បាប់លើផលិតផលវប្បធម៌ -លើកទឹកចិត្តនិងជំរុញការបង្កើតស្នាដៃថ្មីៗ ក្នុងវិស័យអក្សរសាស្រ្ត វិទ្យាសាស្រ្ត សិល្បៈ ឬតូរ្យតន្ត្រី -រួមចំណែកក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មវប្បធម៌ និងគ្រប់វិស័យកម្មសិទ្ធិបញ្ញា។