កាលពីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីមានបើកកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង អនុក្រឹត្យស្តីពី ការគ្រប់គ្រងអាងទន្លេ ក្រោមអធិបតីភាពឯកឧត្តម ជីវ សុងហាក់ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ឌុយ ធៅ អនុប្រធានក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាសហប្រធានអង្គប្រជុំ ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់សមាជិកនិងមន្រ្តីនៃក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកនិងមន្រ្តី នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងអគ្គលេខាធិការរដ្ឋាភិបាល តំណាងខុទ្ទការល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន មន្ត្រីនាយកដ្ឋានជំនាញចំណុះ ទីស្តីការគណៈរដ្ឋមន្រ្តី តំណាងគណៈកម្មការ ភាសាវិជ្ជាខែ្មរ និងតំណាងក្រសួងធនធានទឹក និងឧតុនិយម។ សេចក្តីព្រាងអនុក្រឹត្យនេះមានគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេ រួមទាំងធនធាន ទឹកក្រោមដីឲ្យមានប្រសិទ្ធភាព និងនិរន្តរភាពដោមអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គោលដៅរួមក្នុងការចូលរួមចំណែកធ្វើឲ្យសម្រេចបាននូវគោលបំណង៤យ៉ាងគឺ៖ ១- ធានាទឹកគ្រប់គ្រាន់ជូនប្រជាកសិករ សម្រាប់បង្កបង្កើតផលស្រូវឲ្យបាន២ដងក្នុង១ឆ្នាំ លើផ្ទៃដីតែមួយកន្លែង និងកាត់បន្ថយភាពក្រីក្រ។ ២- ការគ្រប់គ្រងប្រើប្រាស់ និងអភិវឌ្ឍន៍ធនធានទឹកឲ្យមានចីរភាព និងប្រសិទ្ធភាពដើម្បីឲ្យមាននិរន្តភាពធនធានធម្មជាតិ បរិស្ថាន វប្បធម៌ និងសង្គម។ ៣- កែលំអបរិយាកាសនៃអភិបាលកិច្ច តាមរយៈការអនុវត្តន៍ផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ព្រមទាំងធ្វើឲ្យ សម្រេចបាននូវយុទ្ធសាស្រ្តចតុកោណ និងគោលដៅចំបងរបស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ៤- ជំរុញធនធានទឹក និងការអនុវត្តន៍ច្បាប់ស្តីពីការគ្រប់គ្រងអនុក្រឹត្យដែលពាក់ព័ន្ធនឹងទឹកផ្ទេរការទទួលខុសត្រូវនៃការគ្រប់គ្រងអាងទន្លេដែល ថ្នាក់ក្រោមជាតិអាចអនុវត្តបាន បណ្តុះបណ្តាលនូវបច្ចេកវិទ្យាទំនើបនិងថ្មីៗដល់មន្ត្រីបច្ចេកទេសថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ដ៏ទៃទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់។nមុននឹងចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសនេះ កុ្រមប្រឹក្សាអ្នកច្បាប់ក៏បានបើកកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម ជីវ សុងហាក់ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យពិភាក្សា លើសេចក្តីព្រាងព្រះរាជក្រឹត្យនេះក្នុងក្របខណ្ឌផ្ទៃក្នុងរបស់ខ្លួនដើម្បីស្វែងរកការឯកភាពគ្នាមុននឹងចូលរួមប្រជុំជំនាញបច្ចេកទេស។