នយោបាយឈ្នះ ឈ្នះ ពង្រឹងនីតិរដ្ឋ និងសន្តិសុខគតិយុត្ត

នយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការពង្រឹងនីតិរដ្ឋ និងសន្ដិសុខគតិយុត្ដ។ ដើម្បីសម្រេចបាននូវការពង្រឹង នីតិរដ្ឋ និងសន្ដិសុខគតិយុត្ដ ក្រសួង-ស្ថាប័នជាច្រើនត្រូវបានបង្កើតឡើង ក្នុងនោះក៏មានក្រុមប្រឹក្សា អ្នកច្បាប់ ដែលត្រូវបានបង្កើតតាំងពីឆ្នាំ១៩៩៤ បានរួមចំណែកបំពេញតួនាទីយ៉ាងសកម្ម និងពេញលេញ បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជា ទទួលបានសន្ដិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាអ្នកច្បាប់ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ១៣ អនក្រ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៤ និងបន្ទាប់មកត្រូវបានកែសម្រួលដោយអនុក្រឹត្យលេខ៣២ អនក្រ.បក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៤ ។

ក្រុមប្រឹក្សាអ្នកច្បាប់មានភារកិច្ចដូចតទៅ៖
-សិក្សាស្រាវជ្រាវដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាលនិងផ្នែក ឯកជន ដើម្បីលើកគម្រោងកសាងច្បាប់ឬលិខិតបទដ្ឋានគតិយុត្តថ្មីៗដែលមានការចាំបាច់សម្រាប់បម្រើ សកម្មភាពរាជរដ្ឋាភិបាល
-សិក្សានិងតាមដានអត្ថបទច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលត្រូវបានប្រកាសឱ្យប្រើ ដែលលែងសមស្របនឹងសភាពការណ៍ជាក់ស្តែង ដើម្បីលើកយោបល់ជូនរាជរដ្ឋាភិបាលធ្វើវិសោធនកម្ម ឱ្យទាន់ពេលវេលានិងស្របតាមស្ថានភាពវិវត្តន៍នៃប្រទេសជាតិ
-សិក្សានិងផ្តល់យោបល់ជូនក្រសួង ស្ថាប័ន និងគណៈរដ្ឋមន្ត្រី អំពីសេចក្តីព្រាងច្បាប់និងលិខិត បទដ្ឋានគតិយុត្ត សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយជាមួយអន្តរជាតិដែលបណ្តា ក្រសួងស្ថាប័នផ្ញើមកសុំការសម្រេចពីគណៈរដ្ឋមន្ត្រី
-ជួយទីស្តីការគណៈរដ្ឋមន្ត្រីក្នុងការចាត់ចែងផ្ញើសេចក្តីព្រាងច្បាប់ជូនស្ថាប័ននីតិប្បញ្ញត្តិពិនិត្យ និងអនុម័ត និងសម្របសម្រួលឱ្យមានតំណាងរាជរដ្ឋាភិបាលទៅការពារសេចក្តីព្រាងច្បាប់នៅស្ថាប័ន នីតិប្បញ្ញត្តិ
-ជួយទីស្តីការគណៈរដ្ឋមន្ត្រីក្នុងការរៀបចំបែបបបទថ្វាយព្រះមហាក្សត្រសូមឡាយព្រះហស្ថលេខា លើព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់
-ជួយទីស្តីការគណៈរដ្ឋមន្ត្រីដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំសេចក្តីព្រាង ចម្លើយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តបនឹងសំណួររបស់តំណាងរាស្ត្រ ស្របតាមមាត្រា៩៦នៃ រដ្ឋធម្មនុញ្ញ
-តាមដាន ឃ្លាំមើលលើការអនុវត្តនិងផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត។

ជារួម សកម្មភាពការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់ បានចូលរួមចំណែកលើវិស័យយុត្តិធម៌ ឱ្យបានល្អប្រសើរក្នុងដំណើរការពង្រឹងនីតិរដ្ឋស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាឱ្យមានសង្គតិភាពគតិយុត្តក្នុងព្រះរាជាណាចក្រកម្ពុជា។