កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ នៅទីស្តីការគណៈរដ្ឋមន្ត្រីមានបើកកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង អនុក្រឹត្យស្តីពីការៀបចំ និងការប្រព្រឹត្តទៅសាលាវិជ្ជាជីវៈទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តម ជីវ សុងហាក់ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និង ឯកឧត្តម ឌុយ ធៅ អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាសហប្រធានអង្គប្រជុំ ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់សមាជិកនិងមន្រ្តីនៃក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកនិងមន្រ្តី នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងអគ្គលេខាធិការរដ្ឋាភិបាល តំណាងខុទ្ទការល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន មន្ត្រីនាយកដ្ឋានជំនាញចំណុះ ទីស្តីការគណៈរដ្ឋមន្រ្តី តំណាងគណៈកម្មការ ភាសាវិជ្ជាខែ្មរ និងតំណាងក្រសួងទេសចរណ៍។ សេចក្តីព្រាងអនុក្រឹត្យនេះមានគោលបំណងដូចខាងក្រោមៈ – គាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអប់រំ និងបណ្តុះបណ្តាលដល់យុវជន(ពិសេសយុវជនក្រីក្រ) អភិវឌ្ឍយុវជន និងកម្មវិធី អាទិភាពនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ – ការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតសាលាជំនាញវិជ្ជាជីវៈទេសចរណ៍ គឺជាជហានដ៏សំខាន់ដើម្បីទ្រទ្រង់ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា ដែលនៅថ្ងៃខាងមុខអាចជាមេដែកឆក់ សម្រាប់ទាក់ទាញផ្នែកឯកជនឲ្យវិនិយោគវិស័យទេសចរណ៍ក្នុង កម្រិតខ្ពស់។ – ជាពិសេសទៅទៀតសាលានេះ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ឆ្លើយតបទៅនឹងកំណើនតម្រូវការធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ ព្រមទាំងនឹងក្លាយជា សមិទ្ធិផល ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការងារបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពយុវជនកម្ពុជា ស្របតាមស្តង់ដាសមត្ថភាពអាស៊ាន ដែលនឹងផ្តល់ឳកាសដល់យុវជនកម្ពុជា (ពិសេសយុវជនក្រីក្រ) សម្រាប់ការកសាងអនាគតរបស់ខ្លួនតាម រយៈការចាប់យកអាជីពជាអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍។