កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីមានបើកកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង ព្រះរាជក្រឹត្យស្តីពី ការដាក់ឲ្យអនុវត្តនូវវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ក្រោមអធិបតីភាពឯកឧត្តមស៊ឹម ប៉ុណ្ណឬទ្ធិ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ឌុយ ធៅ អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាសហប្រធានអង្គប្រជុំ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកនិងមន្រ្តីនៃក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកនិងមន្រ្តីនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងអគ្គលេខាធិការរដ្ឋាភិបាល តំណាងខុទ្ទការល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន មន្ត្រីនាយកដ្ឋានជំនាញចំណុះ ទីស្តីការគណៈរដ្ឋមន្រ្តី តំណាងគណៈកម្មការ ភាសាវិជ្ជាខែ្មរ។ សេចក្តីព្រាងព្រះរាជក្រឹត្យនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃលិខិតបទដ្ឋានគតិយុត្ត ដើម្បីជំរុញការប្រកួត ប្រជែងក្នុងវិស័យពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ សេចក្តីព្រាងព្រះរាជក្រឹត្យនេះមានគោលដៅដូចតទៅ៖ -បង្កើត និងជំរុញការអនុវត្តគោលការណ៍ប្រតិបត្តិល្អក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តនៅតាមក្រសួង ស្ថាប័ន ផ្តល់ព័ត៌មានឲ្យបានច្បាស់លាស់អំពីផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងជម្រើសផ្សេងៗជូនថ្នាក់ដឹកនាំក្រសួង ស្ថាប័នឬរាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងសម្រេចផ្តល់ព័ត៌មានឲ្យបានច្បាស់លាស់ និងជម្រើសផ្សេងៗ អំពីផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ជូនថ្នាក់ដឺកនាំក្រសួង ស្ថាប័ន ឬរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចបង្កើតនិងពង្រឹងក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៅតាមក្រសួង ស្ថាប័ន។ សេចក្តីព្រាងព្រះរាជក្រឹត្យខាងលើនេះក្រុមប្រឹក្សាអ្នកច្បាប់បានប្រជុំផ្ទៃក្នុងរបស់ខ្លួនកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥។